ឯកឧត្តម អាយ ខន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម អាយ ខន ប្រធានស្តីទីគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ។ ៣-ចាត់តាំងឲ្យមានសមាជិកគណៈកម្មការពីររូបសហការជាមួយលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីធ្វើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរ៕