នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ ការដោះស្រាយវិវាទរបស់ក្រុមប្រឹក្សាខេត្ត ការដោះស្រាយទំនាស់របស់ការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដីខេត្ត ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្ត ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធាន និងមន្រ្តីរបស់គណៈកម្មការសុរិយោដីខេត្ត៕