ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ជួបប្រជុំពិភាក្សាជាមួយ នឹងអាជ្ញាធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដើម្បីឈ្វេងយល់អំពី ការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្ត ព្រមទាំងនាំយកនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ មកពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានអង្គភាពលទ្ធកម្ម ប្រធានគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ នាយករដ្ឋបាលសាលាខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន បានជម្រាបជូនអាជ្ញាធរខេត្តថា កាលពីថ្ងៃទី០៤ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។ អង្គវេទិកានេះ ប្រមូលបាននូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ក្រុមប្រឹក្សាឃុំ និងស្រុក ដែលបានលើកឡើង ហើយនាំយកបញ្ហាទាំងនេះ មកជូនអាជ្ញាធរខេត្តកំពង់ចាម ដើម្បីពិភាក្សា និងរកដំណោះស្រាយ។ បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះរៀបចំវេទិកា ប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ដើម្បីជាព័ត៌មានបន្ថែមទៀតឱ្យខេត្តបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួនហើយ បញ្ហាដែលនៅសេសសល់ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។ រីឯបញ្ហាមួយចំនួនទៀតដែលមិនមែនជាសមត្ថកិច្ចរបស់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍ដល់អាជ្ញាធរខេត្ត សូមធ្វើការដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលថ្នាក់មូលដ្ឋានបានលើកឡើង ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសូមណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ពាំនាំ និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ៕