គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរខេត្តកំពង់ឆ្នាំង
ថ្ងៃទី 22 ខែតុសា ឆ្នាំ2025
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងសិក្សាស្វែងយល់ពីការអនុវត្តច្បាប់នានា និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការដែលខេត្តបានអនុវត្តនាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅខំពោះវត្តមានរបស់ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ ដែលបានចំណាយេពេលវេលា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់នានា និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនាពេលនេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះការអនុវត្ត ច្បាប់នានា និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ដែលខេត្តកំពុងអនុវត្ត។ ហើយវត្តមានរបស់គណៈប្រតិភូ នឹងរិតតែធ្វើឲ្យថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកាន់តែមានកម្លាំងកាយ កម្លាំងចិត្ត ក្នុងការអនុវត្តរាល់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណងនៃការចុះបំពេញបេសកកម្ម ដើម្បីសិក្សាស្វែងយល់នូវការអនុវត្តច្បាប់នានា ដែលបានចូលជាធរមាន ជាពិសេសក្រុមទាំង៤ គឺក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុវត្តនាពេល កន្លងមក ដោយបង្ហាញពីការលំបាក បញ្ហាប្រ ឈមដែលអាជ្ញាធរបានខេត្តជួបប្រទះ។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជា កក្តាដ៏សំខាន់ដែលអាជ្ញាធរខេត្តត្រូវតែយក ចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ដើម្បីស្វែងរកយុវត្តិធម៌ និងតម្លាភាពជូនដល់ប្រជាពលរដ្ឋ និងសង្គម ទាំងមូល និងដើម្បីរក្សាបាននូវនីតិរដ្ឋរបស់ប្រទេសជាតិ។
ជាមួយគ្នានោះបន្ទាប់ពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តបានលើកឡើងរួចមក ឯកឧត្តមប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តការងាររបស់អាជ្ញាធរខេត្ត ដែលទទួលបានលទ្ធផលជាផ្លែផ្កា។ទន្ទឹមនឹងនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់អាជ្ញាធរខេត្ត ត្រូវខិតខំអនុវត្តច្បាប់នានាដែលបានចូលជាធរមាន ឲ្យ កាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ អាជ្ញាធរខេត្ត ត្រូវធ្វើយ៉ាងណាឲ្យស្របតាមច្បាប់ ឬលិខិតបទដ្ឋាននានាដែលស្របនឹងច្បាប់។
ក្នុងឱកាសនោះ គណៈប្រតិភូ បានផ្តល់ជាសៀវភៅឯកសារច្បាប់ក្រុមទាំង៤ គឺក្រុមរដ្ឋ ប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រុមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងឯកសារព្រឹត្តបត្រ ព្រឹទ្ធសភា ទុកជាជំនួយស្មារតីក្នុងការបំពេញភារកិច្ច។
បន្ទាប់មកនារសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បានចុះ ជួបសំណេះសំណាលជាមួយនឹងតុលាការ អយ្យការ អមតុលាការ និងមន្រ្តីឬភ្នាក់ងារនគរបាល យុត្តិធម៌ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ គណៈប្រតិភូ បានផ្តល់ជាសៀវភៅឯកសារច្បាប់ក្រុមទាំង៤ គឺក្រុមរដ្ឋ ប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រុមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ និងឯកសារព្រឹត្តបត្រ ព្រឹទ្ធសភា ទុកជាជំនួយស្មារតីក្នុងការបំពេញភារកិច្ច៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ