Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញប្រគល់អំណោយសម្តេចប្រធានព្រឹទ្ធសភា ដល់មន្ទីរពេទ្យ និងយន្តការនានានៃព្រឹទ្ធសភា
 ថ្ងៃពុធ ទី​15 ខែមិថុនា ឆ្នាំ​2022

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថិតនៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា ។

គួររំលឹកផងដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ រួមមានៈ ឱសថ បរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលអំណោយទាំងនេះ ជាជំនួយមនុស្សធម៌ដែល សម្តេចប្រធានព្រឹទ្ធសភា បានទទួលពីអង្គការចែករំលែកជួយសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ក្រោមការជួយសម្របសម្រួលរបស់ក្រុមការងារដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

ឱសថ និងបរិក្ខារពេទ្យទាំងអស់នេះ ត្រូវបានមន្ត្រីជំនាញនៃក្រសួងសុខាភិបាល ធ្វើការត្រួតពិនិត្យរួចរាល់ហើយ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីធានាបានថា ឱសថ ព្រមទាំងបរិក្ខារពេទ្យទាំងអស់ មានគុណភាព និងស្របតាមបទដ្ឋានសុខាភិបាល ។

Global Life Sharing ជាអង្គការមួយដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី