Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយផ្តល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 ថ្ងៃអាទិត្យ ទី​6 ខែមិថុនា ឆ្នាំ​2021

ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយផ្តល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
=======
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកកណ្តាលស្ទឹង ខេត្តណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលស្រុកកណ្តាលស្ទឹង ជាពិសេស ជូនប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹងទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។

ឯកឧត្តមប្រធានគណៈកម្មការ បានអំពាវនាវដល់អាជ្ញាធរស្រុកកណ្តាលស្ទឹង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវីដ១៩ លែងមាននោះទេ។ ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

អំណោយដែលឯកឧត្តម ម៉ម ប៊ុននាង បានប្រគល់ជូនរដ្ឋបាលស្រុកកណ្តាលស្ទឹង រួមមាន៖ ថវិកា ១២,០០០,០០០៛(ដប់ពីរលានរៀល) មី ២០០កេស ទឹកសុទ្ធ១០០កេស ម៉ាស់៥កេសធំ និងឃីតចំនួន១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង។

ដោយនៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានបន្តនាំយកអំណោយទៅផ្តល់ជូនក្រុមប្រឹក្សាឃុំគោកត្រប់់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា៥ម៉ឺនរៀល អង្គរ២០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស់០១ប្រអប់ និងធុងជ័រធំ០១ធុង។
ស្ថិតនៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារទើបទទួលមរណៈភាព ចំនួន៤គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុង១គ្រួសារ ថវិកា ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៣០,៨១៣,២០០៛(សាមសិបលាន ប្រាំបីសែន មួយម៉ឺនបីពាន់ ពីរយរៀល)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី