Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក ឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង

  ថ្ងៃអង្គារ៍ ទី​26 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងស្រុក និងឃុំទាំង១៦ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីសំណេះសំណាលនាពេលនោះ លោកជំទាវ មាន សំអាន ប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះលោកជំទាវបានជម្រុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុននេះ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់ស្រុករមាសហែកចំនួន១,០០០,០០០រៀល និងឃុំទាំង១៦ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន១,២០០,០០០រៀល សរុបថវិកាចំនួន២០,២០០,០០០រៀល (ម្ភៃលានពីរសែនរៀល) ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់ក្រុមប្រឹក្សាឃុំជានារីទាំង១៦ឃុំនៃស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី