Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធាន​​គណៈ​​កម្មការ​​ទី៨ ព្រឹទ្ធសភា បាន​​អញ្ជើញ​​ចុះ​​ជួប​​សំណេះ​​សំណាល និង​​សួរ​​សុខ​​ទុក្ខ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ ​ដើម្បី​ផ្សព្វ​ផ្សាយ​ណែ​នាំ​វិធាន​ការ​បង្ការ ការពារ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ (COVID-19) នៅ​​ស្រុក​​សុីធរ​​កណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 29 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅឃុំជ្រៃឃ្មុំ និងឃុំឬស្សីសាញ់ ដើម្បីផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

លោកជំទាវ ឯកឧត្តម បានលើកឡើងពីស្ថានភាពគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នបានរីកដាលស្ទើរគ្រប់ប្រទេសលើសកលលោក ហើយទោះបីប្រទេសកម្ពុជាមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ដែលក្នុងសប្តាហ៍កន្លងមកនេះមិនមានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ និងមានករណីព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ( មិនមានស្លាប់ ) ក៏ពិតមែន ប៉ុន្តែមិនទាន់មានសញ្ញាណាមួយស្រាកស្រាន្តនៅឡើយដែរ។ ហេតុនេះ យើងត្រូវបង្កើន និងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយខិតខំអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃឲ្យបានញឹកញ៉ាប់ រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែលមានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារដែលក្នុងនោះរួមមាន ៖ មី ៤កេស, ក្រម៉ា ២០, សាប៊ូដុំលាងដៃ ៧២ដុំ, ម៉ាស ១០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ២០ដប និងចំណុះ ១០លីត្រ ១ប៊ីដុង និងថវិកាចំនួន ៣០០,០០០៛ ( បីរយពាន់រៀល ) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី