នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានក្នុងការបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងបន្តការកសាងរដ្ឋបាលមួយដែលស្អាតស្អំ មានតម្លាភាព ប្រជាធិបតេយ្យ ប្រសិទ្ធភាព និងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ កុំមានគំនិតគ្រប់គ្រាន់និយម សន្តិភាពនិយម ហើយមិនត្រូវធ្វេសប្រហែសខិតខំធានាការពារសមិទ្ធផលដែលមានស្រាប់ និងបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួន០១កេសធំ និងថវិកាមួយចំនួនផងដែរ។