នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ សរុបចំនួន៣៣នាក់ ស្ថិតនៅសាលាស្រុកសាលាត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងថ្លែងអំរណគុណ ដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ អនុវត្តគោលនយោបាយឃុំ សង្កាត់ បានល្អ។ សំណូមពរ បន្តពង្រឹងសមត្ថភាពការងារដឹកនាំគ្រប់គ្រង និងដោះស្រាយឱ្យបានទាន់ពេលវេលារាល់សំណូមពររបស់ប្រជាពលរដ្ឋ។ ក្រោយកិច្ចប្រជុំបានបញ្ជប់ ឯកឧត្តម ឡៅ ឆន និងឯកឧត្តម នៅ សំ រួមជាមួយលោកអភិបាលស្រុកត្រពាំងប្រាសាទ និងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទំនប់ដាច់ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ជូនដល់គ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយឈ្មោះ នាង ចាបសៀងហៀ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ព្រមទាំងបានចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកបរិសុទ្ធសុទ្ធ ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងប៊ីចេង១ថង់។ ឯកឧត្តម និងអ្នករួមដំណើរ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក លន់ លាក់ អាយុ៦៨ឆ្នាំ ដែលទទួលមរណភាពដោយរោគាពាធ ស្ថិតនៅក្នុងភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ នាឱកាសនោះ ឯកឧត្តម បានចូលរួមថវិកាមួយចំនួន ជូនដល់គ្រួសារសពផងដែរ។