នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពាមឆ្កោក មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាពស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៣នាក់ ស្ថិតនៅសាលាឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីសភាពការរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងមន្ត្រីមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទន: ជាអាទិមាន ការរក្សាបានសុវត្ថិភាពភូមិឃុំ ការជម្រុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងទឹកបម្រើការធ្វើស្រែប្រាំង ការផ្ដល់សេវាផ្សេងៗ…ជាដើម។ បានជម្រាបជូនអង្គប្រជុំ អំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងនាពេលទៅ និងបន្តខិតខំបំពេញការងារចំពោះមុខឲ្យខាងតែបាន។ សំណូមពរឲ្យខិតខំដោះស្រាយទំនាស់នៅមូលដ្ឋាន ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួម និងសម្រាប់មូលនិធិសង្គហធម៌ឃុំផងដែរ។