នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ លើកទឹកចិត្តឱ្យបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។