នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារជាមួយអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជំវិញខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខស្ថិតនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ជឹមហ៊ុយ បានសម្តែងការកោតសសើរ និងលើកទឹកចិត្តឱ្យបន្តខិតខំដើម្បីទទួលបានសមិទ្ធផលថ្មីៗទៀត និងមានសាមគ្គីភាព ចេះសហការគ្នា និងមានទំនាក់ទំនងល្អ ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។ ដោយឡែកចំពោះបញ្ហាប្រឈមនានាដែលនៅសេសសល់ត្រូវបន្តរួមគ្នាដោះស្រាយជាជំហានៗ ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន