នាព្រឹកថ្ងៃសុក្រ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ និងសង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលទើបជាប់ឆ្នោតថ្មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្មៀន ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរក្នុងការបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅបានដោយជោគជ័យ ព្រមទាំងថ្លែងអំណរគុណ និងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការងារផ្តល់សេវាសាធារណៈឱ្យបានប្រសើរថែមទៀត ដើម្បីឱ្យទទួលបានជ័យជំនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន។ នាឱកាសនោះឯកឧត្តមប្រធាន ក៏បានបន្តដំណើរទៅសួរសុខទុក្ខលោកចៅសង្កាត់ឪឡោកដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕