នាថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅក្នុងបរិវេណវត្តនាគវ័ន្ត បានចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យកម្មវិធីផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋពីរសង្កាត់ ក្នុងខណ្ឌទួលគោក។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យខ្មែរ-បរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាការបង្ហាញពីទឹកចិត្តដ៏ស្មោះស្ម័គ្រ នៃការចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម។ កម្មវិធីនេះរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា (Surgeons for Cambodia-SFC) និងសមាគមចក្ខុខ្មែរ (Khmer Sight Foundation-KSF) ដែលមានរយៈពេលពេញមួយថ្ងៃ។