ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសណេះជាមួយក្រុមយុវជនភូមិ ក្រុមប្រឹក្សាឃុំ ស្រុក និងមេឃុំ គ្រប់ទាំង៦ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សរុបចំនួន១៥០នាក់ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី ដើម្បីផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ពិសេសការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ក៏បានបន្តអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២២ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ ចៅសង្កាត់ ទាំង២៤ ក្នុងទូទាំងខេត្ត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលបានអនុវត្តកន្លងមក បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យដំណើរការបានដោយរលូន និងទទួលបានលទ្ធផលល្អ ព្រមទាំងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅចាក់ថ្នាំការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា អនុវត្តឱ្យបានជាប្រចំានូវវិធានការ ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។