ព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍អមដំណើរ គណ:ប្រតិភូព្រះបរមរាជ វាំង ដឹកនាំដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់ បាននាំយកនូវព្រះរាជអំណោយរបស់ព្រះអង្គ យកទៅចែកជូន លោកតាលោក យាយ ដែលមានអាយុ ៨០ឆ្នាំឡើងទៅ រស់នៅក្នុងឃុំទាំង៥ នៃស្រុកជលគិរី ចំនួន៤៦៥ នាក់ ស្ត្រី២៩០នាក់ នៅក្នុងបរិវេណសាលាស្រុកជលគិរី។ ព្រះរាជអំណោយសម្រាប់ម្នាក់ៗ ទទួលបានមាន អាវយឺត១ អាវរងារ ១ អង្ករមួយបាវ ៥០ គ.ក ក្រណាត់ស ៤ម៉ែត្រ ម៉ាស ១០បន្ទះ មី ២កេស ត្រីខ១០កំប៉ុង ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១ )និងថវិកា ២០ ម៉ឺនរៀល។ មានប្រសាសន៍ ក្នុងពិធីនោះសម្ដេចបានពាំនាំនូវការនឹករឭក និងការសួរសុខទុក្ខពីហ្លួងម៉ែ និងព្រះករុណាព្រះមហាក្សត្រនៃយើង លើកឡើង ពីតួនាទី និងគុណសម្បត្តិមនុស្សចាស់សម្រាប់មនុស្សជំនាន់ក្រោយ និងសង្គមជាតិ។ សម្ដេចបានរំលឹកពីសមិទ្ធផលដែលជាព្រះរាជអំណោយតាំងពីព្រះបរមរតនកោដ្ឋ ហ្លួងម៉ែ និងព្រះមហាក្សត្របច្ចុប្បន្នសម្រាប់មូលដ្ខាននេះមានដូចជា វត្តអារាម ស្រះទឹក អគារសិក្សា ។ល។ ចុងក្រោយសម្ដេចបានផ្ដាំផ្ញើដោយសុំឱ្យលោកតាលោកយាយយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងកូនចៅ ដោយទម្លាប់អនុវត្តតាមវិធានសុខាភិបាល ៣ កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតគ្រប់ទីកន្លែង។ បន្ទាប់មកទៀតគណ:ប្រតិភូបានអញ្ជើញទៅពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នងពីរជាន់មាន ១០ បន្ទប់ទីចាត់ការ និងបណ្ណាល័យមួយខ្នងដែលជាព្រះរាជអំណោយព្រះមហាក្សត្រ នៅវិទ្យាល័យប្រពៃគិរី របស់ស្រុកជលគីរីសម្រាប់ឱ្យកូនចៅរស់នៅមូលដ្ឋាននេះបានរៀនសូត្រ និងជូនថវិកាមួយចំនួនដល់ក្រុមជាង កម្លាំងការពារ ក្រុមប្រឹក្សឃុំ….។