នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញជួបក្រុមប្រឹក្សាឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីការអនុវត្តការងារកន្លងមក ៖ ១-ការងារផ្តល់សេវាជូនប្រជាជន ២-ការងារភូមិ-ឃុំមានសុវត្តិភាព ៣-ការងារចូលរួមការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និង៤-ការគ្រប់គ្រងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបោះឆ្នោត នៅឆ្នាំ២០២២ ខាងមុខនេះ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោកស្រីប្រធានឃុំរួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ ដែលបានខិតខំអនុវត្តការងារបានល្អ ទោះជានៅមានបញ្ហាប្រឈមខ្លះៗ ដែលឃុំត្រូវបន្តដោះស្រាយជាបន្តបន្ទាប់ តាមសភាពជាក់ស្តែង។ ពិសេសការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើតែគ្រប់តាមផែនការកំណត់ហើយ ត្រូវបន្តអប់រំប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ ដោយដោយរៀនរស់តាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូននូវវត្ថុកំដរដៃដល់សមាជិកអង្គប្រជុំផងដែរ។
ក្រោយពីប្រជុំចប់ ឯកឧត្តម បានអញ្ជើញចុះទៅពិនិត្យ និងសួរសុខទុក្ខប្រជាជនមួយគ្រួសារដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិច្រោយ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយបានជួយថវិកា ចំនួន៣.០០០.០០០រៀល ដើម្បីរៀបចំសាងសង់ផ្ទះថ្មីផងដែរ។