ព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ការងារចាក់វ៉ាក់សាំងដល់ក្មេងអាយុចាប់ពី១២ ដល់១៧ឆ្នាំ និងចែកប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលបានចាក់ដូសទីពីររួចរាល់ហើយ នៅសាលាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សារួចមក ឯកឧត្តមប្រធាន បានសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋាន ជាពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្មេងអាយុ១២ ដល់១៧ឆ្នាំ សម្រេចបានជាង២,០០០នាក់ ក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។ បន្ថែមលើនោះត្រូវខិតខំប្រមូលកម្លាំងរួម មធ្យោបាយរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទថ្មីឱ្យបានត្រឹមត្រូវ ផ្លាស់ប្តូរឥរិយាបថក្នុងបរិបទថ្មី ធ្វើការរស់នៅតាមបែបគន្លងថ្មី ព្រមទាំងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕