នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាឃុំជើងទៀន ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក នគរបាលប៉ុស្តិ៍ឃុំ ប្រធានកាពារឃុំ សរុបចំនួន ១៤នាក់ ស្ថិតនៅសាលាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ សំណូមពរ បញ្ហាប្រឈម លើការអនុវត្តន៍ ៖ ១-ការផ្តល់សេវារដ្ឋបាល ២-ការងារអត្រានុកូលដ្ឋាន ៣-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ៤-មូលនិធិអភិវឌ្ឍន៍ឃុំ និង ៥-ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភកៅអី ចំនួន៦១កៅអី ដល់សាលាមត្តេយ្យ និងLaptopថ្មី ចំនួន០១គ្រឿង ជូនរដ្ឋបាលឃុំ សម្រាប់ដំណើរការងាររដ្ឋបាលផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម បានបន្តចុះទៅជួបសួរសុខទុក្ខដល់ទីតាំងផ្ទះបងប្អូនប្រជាពលរដ្ឋ ចំនួន០៥គ្រួសារ ដែលពិការ និងគ្រួសារក្រីក្រលំបាកជាងគេក្នុងភូមិ ដោយបានឧត្តមជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ និងថវិកាចំនួន១០០,០០០រៀល។