Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងស្វែងយល់អំពីលទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់ក្រសួង

   ថ្ងៃទី 14 ខែឧសភា ឆ្នាំ2024
com7-12-5-2015_1
com7-12-5-2015_2 com7-12-5-2015_3

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បី សិក្សាស្វែងយល់អំពីលទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់ក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺសំដៅពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហការរវាងគណៈកម្មការទី៧ព្រឹទ្ធសភា ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អៗពីគ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ គណៈកម្មការក៏មានបំណងស្វែងយល់អំពីលទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់ក្រសួង ការអនុវត្តច្បាប់ស្តីពីការអប់រំ កម្មវិធីកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ទិសដៅរបស់ក្រសួងក្នុងការកែលម្អគុណភាពអប់រំសម្រាប់សមារហកម្មកម្ពុជា ចូលសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នាពេលខាងមុខផងដែរ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា យោងតាមច្បាប់ស្តីពីការអប់រំបានកំណត់ធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋទទួលបានការអប់រំទាំងអស់គ្នា ជាពិសេសសិទ្ធិក្នុងការអប់រំយ៉ាងតិច៩ឆ្នាំប្រកបដោយគុណភាព ដោយមិនចាំបាច់បង់ថ្លៃនូវសេវាសាធារណៈរបស់រដ្ឋឡើយ។ហើយដើម្បីឆ្លើយតបនៅត្រង់ចំណុចនេះ រាជរដ្ឋាភិបាលបានរៀបនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ និងទី៣ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការអប់រំ។

លោកជំទាវ បានមានប្រសាសន៍បន្តថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជ  រដ្ឋាភិបាល មានទួនាទីភារកិច្ចក្តោបលើវិស័យអប់រំ។ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងសម្រាប់អាណត្តិថ្មីនេះក្រ សួងបានរៀបចំផែនការយុទ្ធសាស្រ្តប្រព័ន្ធអប់រំសម្រាប់ឆ្នាំ២០១៤-២០១៨ ដោយបានលើកឡើងនូវគោល នយោបាយជាអាទិភាពសំខាន់ៗចំនួន៣គឺ ទី១-ធានាបាននូវលទ្ធិភាពដោយសមធម៌ ទី២-លើកកម្ពស់គុណភាពក្នុងការឆ្លើយតប និងទី៣-ធានាភាពស័ក្តសិទ្ធ ធានាភាពជាអ្នកដឹកនាំ និងជាអ្នកគ្រប់គ្រង។

     បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួចមក ឯកឧត្តម ទាវ វណ្ណុល អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃ ខ្ពស់ និងកោតសរសើរចំពោះការខិតខំអនុវត្តការងាររបស់ក្រសួងនាពេលកន្លងមក និងការលើកឡើងអំពីផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការកែប្រែវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី