គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ ឯកឧត្តម អ៊ុង ទី លេខាធិការ និងឯកឧត្តម ឆាត់ លឿម សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចុះជួបសវនាការ និងសម្តែងការគួរសមជាមួយនឹងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដែលដឹកនាំដោយឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។
ឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងសំខាន់ នៃបេសកកម្មដែលគណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា គឺដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញ ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ ព្រមទាំងសិក្សាស្រាវជ្រាវ និងប្រមូលព័តមាន បញ្ហាប្រឈម កាលំបាក់ ការអនុវត្តការងារកន្លងមករបស់ខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងវិស័យរអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៅក្នុងខេត្តកំពង់ធំ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីការងារទូទៅរបស់ខេត្ត ដូចជាលក្ខណៈភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបករបង្កើនផលរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ចំពោះការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ខេត្តកំពង់ធំ មានប្រាសាទប្រវត្តិសាស្ត្រជាច្រើន ដែលនៅរាយស្ទើរគ្រប់ក្រុង ស្រុកទាំងអស់ ក៏ប៉ុន្តែប្រាសាទដែលមាន លក្ខណៈទ្រង់ទ្រាយធំជាងគេគឺ៖ ប្រាសាទសំបូរព្រៃគុក និងប្រាសាទគុហ៍គរ និងមានរមណីដ្ឋានធម្មជាតិ ភ្នំសន្ទុក ក្នុងស្រុកសន្ទុក និងស្ទឹងព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ដោយឡែចំពោះវិស័យសាសនា ខេត្តកំពង់ធំមានសាសនា ចំនួន៥ ដែលកំពុងធ្វើសកម្មភាព គឺសាសនាព្រះពុធ សាសនាគ្រីស្ទ សាសនាឥស្លាម សាសនាគង់ស៊ីអីម និងសាសនាបាហៃ។ជាមួយគ្នានេះដែរថ្នាក់ដឹកនាំខេត្តបានសហាការយ៉ាងល្អជាមួយនឹងមន្ទីរពាក់ព័ន្ធរិះរកគ្រប់វិធី-
សាស្ត្រដើម្បីដោះស្រាយបញ្ហាមួយចំនួនទទួលបានលទ្ធផលល្អប្រសើរឡើង។ទន្ទឹមនឹង លទ្ធផលដែលសម្រេចបាន ខេត្ត និងមន្ទីរនិមួយក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការអភិវឌ្ឍ រមណីដ្ឋានមិនទានបានល្អ ផែ្នកសន្តិសុខនៅមានខ្វះចន្លោះ ខ្វះមគ្គុទេ្ទសក៏ទេសចរណ៍ ការថយចុះនូវការ គោរពវិន័យរបស់ព្រះសង្ឃ ភាពមិនទុកចិត្តគ្នារវាងគណៈសង្ឃ អាចារ្យវត្ត និងគណៈកម្មការវត្តថា្នក់មតេយ្យមិនទានមាននៅគ្រប់សាលាបឋម សិក្សា បរិមានគ្រូបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា មិនទានឆ្លើយតបទៅនឹងកំណើនសិស្ស ពិសេសនៅតំបន់ជួបការលំបាក់ ។
ឯកឧត្តម វ៉ាន់ វុធ អនុប្រធានគណៈកម្មការ៧ព្រឹទ្ធសភាបានមានប្រសាសន៍ថា បន្ទាប់ពីបានស្តាប់ របាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ សាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ដែលបានលើកឡើងអំពីលទ្ធផលការងារ សម្រេបានកន្លងមករួចមក រាល់បញ្ហាប្រឈម ការលំបាក់ និងសំណូមពរទាំងអស់នេះឯកឧត្តមនឹងធ្វើរបាយការណ៍រាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងក្រសួងពាក់ព័ន្ធជ្រាប៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន