Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
គណៈកម្មការទី៧ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងក្រសួងធម្មការ និងសាសនា

   ថ្ងៃទី 3 ខែតុសា ឆ្នាំ2024

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា គណៈកម្មការអប់រំ​ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ (ហៅកាត់ គណៈកម្មការ ទី៧ព្រឹទ្ធសភា) ដឹកនាំដោយ    ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការ បានទទួលជួបធ្វើសវនាការជាមួយនឹងឯកឧត្តម មិន ឃិន រដ្ឋមន្រ្តីក្រសួង ធម្មការ និងសាសនា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នៃ ប៉េណាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានបញ្ជាក់អំពីគោលបំណងនៃជំនួបសវនាការនេះ គឺដើម្បីពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិ​បត្តិ​ការ ចែករំលែកនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញ ទៅមក​ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យធម្មការ និងសាសនា។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា​ បានជម្រាបអំពីតួនាទី ភារកិច្ច របស់គណៈកម្មការទាំង៩ព្រឹទ្ធសភា និងមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ ព្រមទាំងលទ្ធផលដែលព្រឹទ្ធសភា នីតិកាលទី៣ សម្រេចបានកន្លងមក។

ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា​ ក៏បានស្នើឲ្យក្រសួងធម្មការ និងសាសនា ជួយផ្តល់នូវឯកសារស្តីពី ការបណ្តុះបណ្តាល តួនាទី និងភារកិច្ចរបស់ អាចារ្យ​ ព្រមទាំងផ្តល់របាយការណ៍ការងារ​ប្រចាំខែ​ ប្រចាំឆមាស ប្រចាំឆ្នាំមកគណៈកម្មការទី៧ព្រឹទ្ធសភាឲ្យបានទៀងទាត់​​។

ឯកឧត្តម មិន ឃិនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានរាយការណ៍អំពី លទ្ធផលការងាររបស់ក្រសួងដែលបានអនុវត្តក្នុងឆ្នាំ២០១១-២០១២​។ ក្នុងឆ្នាំ២០១១វត្តនៅទូទាំងប្រទេសមានចំនួន​ ៤.៥១៤វត្ត​បើធៀប​នឹងឆ្នាំមុនមានការកើនឡើង​ ៤៨វត្ត​ ក្នុងនោះវត្តគណៈមហានិកាយ​​ មានចំនួន៤.៥១៤វត្ត និង អាស្រមចំនួន ១៩២​​ គណៈធម្មយុត្តិកនិកាយ​មានចំនួន ១៧៤វត្ត​ ហើយមានព្រះសង្ឃសរុបចំនួន៥៦.៨២០អង្គ​ ធៀបនឹងឆ្នាំមុនមានការកើនឡើងបាន៥១៦អង្គ ក្នុងនោះមានព្រះសង្ឃគណៈមហានិកាយចំនួន៥៥.៣៤៥អង្គ និងភិក្ខុមានចំនួន២២.៥០៥​​អង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ​ចំនួន ១.៤៧៥អង្គ ភិក្ខុមានចំនួន ៤៦១អង្គ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានយល់ព្រមនូវរាល់​សំណើរបស់​​គណៈកម្មការទី៧ព្រឹទ្ធសភា​ ហើយនឹងបន្តសហការក្នុងវិស័យនេះ ដើម្បី​ឲ្យមានការ​រីក​ចម្រើន​​ និង ជា​​​​​​​​​ប្រ​យោជន៍​រដល់ប្រជាពលរដ្ឋទូទាំងប្រទេស​៕​

អត្ថបទ : នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី